គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

វត្តមានក្រុមហ៊ុន Esther Pharma International ក្នុងទិវាសុខភាពមាត់ធ្មេញនៅប្រទេសកូដឌីវ័រ

កាលបរិច្ឆេទ: ០៨ មេសា ២០២២ / សុខភាព

នៅរវាងថ្ងៃទី១៩ និង២១ មីនា ក្នុងឱកាសប្រារព្ធទិវាសុខភាពមាត់ធ្មេញពិភពលោក ភ្នាក់ងារក្រុមហ៊ុនចែកចាយឱសថ Esther Pharma International បានចុះជួបពេទ្យធ្មេញនៅតាមទីក្រុងជាច្រើនក្នុងប្រទសកូដឌីវ័រ ដូចជាទីក្រុង Abidjan ទីក្រុង Bouaké ទីក្រុង Aboisso​ ទីក្រុង San Pédro និងទីក្រុង Daloa ដើម្បីផ្សព្វផ្សាយផលិតផលទឹកខ្ពុលមាត់ Septyl BB និងថ្នាំបំបាត់ការចុកចាប់ Kinal។

កាលពីថ្ងៃទី១៩ មីនា ក្រុមហ៊ុនចែកចាយឱសថ Esther Pharma បានទៅចូលរួមគាំទ្រសកម្មភាពរបស់ក្រុមគ្រូពេទ្យធ្មេញនៅទីក្រុង Bouaké​ ជាទីក្រុងធំទីពីរនៃប្រទេសកូដឌីវ័រ ដែលបានផ្តួចផ្តើមបង្កើតសកម្មភាពផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋឲ្យយល់ដឹងពីជំងឺមាត់ធ្មេញ និងផលវិបាកដែលអាចកើតមានឡើង។ នៅក្នុងថ្ងៃនោះដែរ​ មានអ្នកចូលរួមប្រមាណជាងប្រាំរយនាក់ និងមានទទួលពិនិត្យព្យាបាលដោយឥតគិតថ្លៃ។ ដើម្បីចូលរួមចំណែកក្នុងសកម្មភាពនេះ ​ ក្រុមហ៊ុនចែកចាយឱសថ Esther Pharma បានផ្តល់ជាអំណោយជាច្រើនដូចជា ថ្នាំគ្រាប់ Kinal Codeine ចំនួន៦០ប្រអប់ ទឹកខ្ពុលមាត់ Septyl BB ចំនួន៦០ប្រអប់ ប្រដាប់សង្កត់អណ្តាតចំនួន២០០ដើម ស្រោមដៃចំនួន១០០០គូ ម៉ាស់ពេទ្យចំនួន៤៥០ និងស្រោមសំបុត្រដែលមានទឹកប្រាក់សរុបចំនួនមួយសែនហ្រ្វង់អាហ្រ្វិក (ស្មើនឹង១៧០ដុល្លារអាមេរិក)។

ចំណែកឯនៅទីក្រុង Ayamé ឯណោះវិញ ទិវាសុខភាពមាត់ធ្មេញត្រូវបានប្រារព្ធធ្វើឡើងនៅថ្ងៃទី២១ មីនា ដោយគ្លីនីកមាត់ធ្មេញនៃមន្ទីរពេទ្យរដ្ឋសម្រាប់ជនក្រីក្រ ដែលមានពេទ្យធ្មេញចំនួនពីររូប អ្នកផលិតធ្មេញមួយរូប និងជំនួយការមួយរូប។ ក្រុមការងារបានចុះទៅតាមសាលារៀនមួយដែលមានថ្នាក់មត្តេយ្យ និងថ្នាក់បឋម។

ក្រុមការងារបានពន្យល់ណែនាំក្មេងតូចៗពីសារៈសំខាន់នៃការដុះសម្អាតធ្មេញ ដោយធ្វើការបង្ហាញផ្ទាល់ពីរបៀបដុះធ្មេញឲ្យបានត្រឹមត្រូវ និងពន្យល់ពីផលវិបាកដែលអាចកើតឡើង ប្រសិនបើពួកគេមិនបានដុះធ្មេញឲ្យបានរាល់ថ្ងៃនោះទេ។ បន្ទាប់ពីបានជំរុញលើកទឹកចិត្តក្មេងៗឲ្យទៅជួបពេទ្យធ្មេញឲ្យបានទៀងទាត់ហើយ ក្រុមការងារក៏បានផ្តល់សេវាពិនិត្យព្យាបាលដោយឥតគិតថ្លៃទៅដល់ក្មេងៗ និងលោកគ្រូ-អ្នកគ្រូ ព្រមទាំងនាយកសាលាផងដែរ។

នៅទីនោះក៏មិនខុសពីនៅទីក្រុង Bouaké​ ដែរ ក្រុមហ៊ុន Esther Pharma International បានចូលរួមផ្តល់អំណោយមួយចំនួនដូចជា ប្រដាប់សង្កត់អណ្តាតចំនួន១០០ដើម ស្រោមដៃចំនួន២០០គូ ម៉ាស់ចំនួន១០០ សេរ៉ូ Kinal Ibu ចំនួន៣០ដប និងស្រោមសំបុត្រដែលមានទឹកប្រាក់សរុបចំនួន៥ម៉ឺនហ្រ្វង់អាហ្រ្វិក (ស្មើនឹង៨៥ដុល្លារអាមេរិក)។

ចុងបញ្ចប់នៅថ្ងៃដដែលនោះដែរ នៅឯទីក្រុង Abidjan ទីក្រុង San Pédro និងទីក្រុង Daloa ឯណោះវិញ ក៏មានការផ្សព្វផ្សាយផលិតផលថ្នាំគ្រាប់ Kinal Codeine និងទឹកខ្ពុលមាត់ Septyl BB នៅតាមគ្លីនិកព្យាបាលធ្មេញផងដែរ។

បើតាមប្រសាសន៍របស់លោកស្រីវេជ្ជបណ្ឌិត Matshidiso Moeti នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ទ្វីបអាហ្រ្វិក មានប្រជាជនប្រមាណជាង៤៨០លាននាក់ដែលរស់នៅទ្វីបអាហ្រ្វិកដែលប្រឈមមុខនឹងបញ្ហាមាត់ធ្មេញដូចជា ដង្កូវស៊ីធ្មេញ​ ជំងឺអញ្ចាញធ្មេញ ធ្មេញបាក់ ដែលជំងឺទាំងអស់នេះគេអាចចៀសវាងបានសម្រាប់មនុស្សភាគច្រើន។ នៅក្នុងឱកាសទិវាសុខភាពមាត់ធ្មេញពិភពលោក លោកស្រីវេជ្ជបណ្ឌិត មានប្រសាសន៍យ៉ាងដូច្នេះ៖ ​​«និយាយជារួម មាត់ធ្មេញមានសុខភាពល្អគឺសំខាន់ណាស់សម្រាប់សុខភាពទូទៅ សម្រាប់ផាសុកភាព និងសម្រាប់ជីវិតរស់នៅល្អប្រសើរ»។ លោកស្រីចង់ឃើញវិធានការជាក់ស្តែងនានាត្រូវបានអនុវត្តដើម្បីកាត់បន្ថយការចែកចាយ ការផ្សព្វផ្សាយពាណិជ្ជកម្ម និងការលក់ផលិតផលមួយចំនួនដែលជាដើមចមនៃការបង្កឲ្យមានជំងឺមាត់ធ្មេញនេះ ហើយស្របពេលជាមួយគ្នានេះដែរ ត្រូវកែកម្អធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋទទួលបាននូវគ្រឿងបរិក្ខា និងផលិតផលសម្រាប់សុខភាពមាត់ធ្មេញជាមួយនឹងតម្លៃមួយសមស្រប តែប្រកបដោយគុណភាព និងប្រសិទ្ធភាព»៕